ការ​ធ្លាក់​ទឹក​ចិត្ត និង ជម្ងឺ​ធ្លាក់​ទឹកចិត្ត តើ​ការ​ធ្លាក់​ទឹកចិត្ត និង ធម្ងឺ​ធ្លាក់​ទឹកចិត្ត​គឺ​ជា​អ្វី? ការ​ធ្លាក់​ទឹកចិត្ត និង​ជម្ងឺ​ធ្លាក់​ទឹកចិត្ត គឺ​ជា​ការ​ធ្លាក់​ចុះ​នៃ​អារម្មណ៍​ដែល​នាំ​ឲ្យ​មាន​ភាព​ក្រៀម​ក្រំ បាត់​បង់​ភាព​សប្បាយរីករាយ និង​បាត់បង់​ចំណាប់​អារម្មណ៍​ទៅ​លើ​អ្វីៗ​ជុំវិញ​ខ្លួន។ បុព្វហេតុ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​និង​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត មនុស្ស​យើង​អាច​កើត​មាន​ការ​ធ្លាក់​ទឹក​ចិត្ត នៅពេល​ដែល​យើង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ផ្សេងៗ​ដូច​ជា​បាត់​បង់​មនុស្ស​ជាទីស្រឡាញ់ បាត់​បង់​កិត្តិយស កេរ្តិ៍ឈ្មោះ បាត់​បង់​ការងារ ទ្រព្យ​សម្បត្តិ ឬទទួល​បរាជ័យ​ក្នុង​ជីវិត... ។ មូល​ហេតុផ្សេង​ទៀត​នៃ​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត អាច​បណ្ដាលមក​ពី​បុគ្គល​នោះ ឆ្លង​កាត់​ព្រឹត្តិការណ៍​គួរ​ឲ្យ​អាម៉ាស់​ណា​មួយដូច​ជា ការមាន​ផ្ទៃ​ពោះ​ខុស​ប្រពៃណី ការ​បែក​បាក់​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ឬ​ត្រូវ​គេ​បណ្ដេញចេញ​ពី​ការងារ ។ល។ ចំពោះ​យុវជន គេ​អាច​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន ដែល​អាច​ធ្វើ​ឲ្យ​​ធ្លាក់​ទឹក​ចិត្តក្នុង​កម្រិត​ស្រាល ឬ អាច​នឹង​ទទួល​រង​នូវ​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ធ្ងន់ធ្ងរ​ដូច​ជា ករណី​ធ្លាប់​រៀន​ពូកែ​ហើយបែរ​ជា​ចាញ់​គេ​ក្នុង​គ្រា​ណា​មួយ ពេល​ដឹង​ថា​ប្រឡង​ធ្លាក់ ពុំ​មានលទ្ធភាព​បន្ត​ការ​សិក្សា​វែង​ឆ្ងាយបាន អត់​ការងារ​ធ្វើ គូ​ស្នេហ៍បែក​ចិត្ត ជ្រុលជ្រួស​ក្នុង​រឿង​ស្នេហា​រហូត​មាន​ផ្ទៃ​ពោះ ពុំ​ទទួល​ការ​ស្រឡាញ់​ពី​អ្នក​ដែល​ខ្លួន​ស្រឡាញ់ ទទួល​សេចក្ដី​ស្រឡាញ់​ពុំ​ស្មើ​គ្នា​អំពី​អាណាព្យាបាល ឪពុក​ម្ដាយ​បដិសេធរៀបការ​នឹងគូ​ស្នេហ៍​ដែលខ្លួន​ស្រឡាញ់​ទទួលរង​ការ​ចាប់​រំលោភ​បំពាន​ផ្នែក​ផ្លូវ​ភេទ មាន​ជម្ងឺ​រ៉ាំរ៉ៃ​ពុំ​អាច​ព្យាបាល​បាន​ជាដើម។ តាម​ធម្មតា ប្រតិកម្ម​នៃ​ការ​ធ្លាក់​ទឹកចិត្ត​អាច​កើត​មាន​ក្នុង​មួយ​រយៈ​ពេល ប៉ុន្តែ​ដោយ​សារ​ការ​តាំង​ចិត្ត និងពេលវេលា បុគ្គលនឹង​មានអារម្មណ៍​ល្អ​ជា​ប្រក្រតី​ឡើងវិញ។ មនុស្ស​ខ្លះ​អាច​កើត​មាន​ការ​ធ្លាក់​ទឹក​ចិត្តរយៈ​ពេល​យូរ ( ច្រើន​ជាង​២​សប្ដាហ៍ ) ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត។ ការ​ស្រាវជ្រាវ​បង្ហាញ​ឲ្យ​ដឹង​ថា ការ​ធ្លាក់​ទឹកចិត្ត និង​ជម្ងឺធ្លាក់ទឹកចិត្ត កើត​មាន​ចំពោះស្ដ្រី​ច្រើន​ជាង​បុរស ដោយ​ហេតុ​ថា ស្ត្រី​ត្រូវ​ប្រឈមមុខនឹង​ការ​គ្រប់​គ្រង​កូន​ចៅ ផ្ទះសម្បែង និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃហើយ​មិន​មាន​ឱកាស​បញ្ចេញ​ការ​តានតឹងចិត្ត​របស់​ខ្លួន​បាន​ល្អប្រសើរ​ក្នុង​មជ្ឈដ្ឋាន​ដែល​ខ្លួន​រស់នៅ។ អាការៈ​នៃ​ការ​ធ្លាក់​ទឹកចិត្ត និង ជម្ងឺ​ធ្លាក់ទឹកចិត្ត យើង​អាច​សម្គាល់​ឃើញ​ថា អ្នកដែល​ធ្លាក់​ទឹកចិត្ត ឬ​អ្នក​មាន​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត តាម​រយៈ​អាការៈ​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ៖ -​មាន​អារម្មណ៍​ស្រុត​ចុះ​ជា​មួយ​នឹង​ភាព​ក្រៀមក្រំ សោកសៅ និង​បង្ហាញ​ភាព​អស់​សង្ឃឹម​ដោយ​គិត​ថា​ជីវិត​គ្មានន័យ។ -​ពុំ​ចាប់​អារម្មណ៍​ ឬ​ពុំ​សប្បាយ​ចិត្ត​រីករាយ​នឹង​អ្វីៗ​ដែល​ខ្លួន​ធ្លាប់​ចូលចិត្ត ( គ្មាន​ភាពរីករាយ​ក្នុង​ជីវិត ) ។ -​ចូល​ចិត្ត​នៅ​ឯកោ ជួនកាល​ពុំ​សូវ​ចាប់​អារម្មណ៍​ក្នុង​ការ​ថែ​ទាំ​ខ្លួន​ប្រាណ។ -​ទទួល​ទាន​ដំណេក​ពុំ​សូវ​លក់ គ្មាន​កំឡាំង​កំហែង បរិភោគ​អាហារ​ពុំ​បាន។ -អសកម្ម​ក្នុង​ការ​សិក្សា ឬ​ការងារ​ផ្សេងៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ * ករណី​ធ្ងន់ធ្ងរ​បំផុត ចំពោះ​អ្នក​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត គឺ​គេ​ច្រើន​មាន​អារម្មណ៍​ទុទិដ្ឋិនិយម អស់​សង្ឃឹម​ក្នុង​ជីវិត ហើយ​ប៉ុនប៉ង​ធ្វើ​អត្តឃាត។ មធ្យោបាយ​ដោះ​ស្រាយ​ចំពោះ​អ្នក​ធ្លាក់​ទឹក​ចិត្ត អ្នក​ធ្លាក់​ទឹក​ចិត្ត ជា​ទូទៅ​តែង​តែ​មាន​គំនិត​ទុទិដ្ឋិនិយម មើល​ទៅ​ជុំ​វិញ​ខ្លួន​ក្នុង​ទស្សនៈ​អវិជ្ជមាន​មើល​ស្រាល​ខ្លួន​ឯង​ថា ជា​អ្នក​ដែល​គ្មាន​សមត្ថភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា និង​អស់​សង្ឃឹម​ចំពោះ​អនាគត។ ចំពោះ​អ្នក​ធ្លាក់​ទឹក​ចិត្ត​កម្រិត​ស្រាល គេ​អាច​មាន​លទ្ធភាព​ជួយ​ខ្លួន​ឯង​បាន ដោយ​ខិត​ខំ​សាង​កម្លាំង​ចិត្តឲ្យ​រឹង​មាំ​ប្រកប​ដោយ​ទស្សនៈ​វិជ្ជមាន និង​គំនិត​សុទិដ្ឋិនិយម​ក្នុង​អនាគត រួម​នឹង​អនុវត្ត​វិធី​ផ្សេង​ៗ​ទៀត​ដែល​រៀប​រាប់​ក្នុង​សៀវភៅ​នេះ។ ចំពោះ​អ្នក​ធ្លាក់​ទឹក​ចិត្ត​កម្រិត​ធ្ងន់ធ្ងរ ដែល​អាច​ឈាន​ទៅ​ដល់​មាន​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត ភាគ​ច្រើន​ជា​មនុស្ស​ដែល​មាន​កម្លាំង​ចិត្ត​ទន់​ខ្សោយ​ក្នុង​ការ​បប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា។ ដូចនេះ គេត្រូវ​ការ​ឲ្យ​អ្នក​ផង​ទាំង​ឡាយ​នៅ​ជុំវិញ​ខ្លួន​គេ​យល់​ពី​អារម្មណ៍ និង​បញ្ហា​ដែល​គេ​កំពុង​តែ​មាន។ អ្នក​ធ្លាក់​ទឹក​ចិត្ត និង​អ្នក​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត ត្រូវ​ការ​យ៉ាង​ខ្លាំង​បំផុត​នូវ​ការ​គាំ​ទ្រ​ផ្នែក​ផ្លូវ​ចិត្ត និង​ការ​លើក​ទឹក​ចិត្ត ឬ​ផ្ដល់​កម្លាំង​ចិត្ត​អំពី​គ្រួសារ និង​មិត្ត​ភក្តិ​នៅ​ជុំវិញ​ខ្លួន​គេ។ ខាង​ក្រោម​នេះ​ជាមធ្យោបាយមួយ​ចំនួន​សម្រាប់​ជួយ​គាំ​ទ្រ​ដល់​អ្នក​ធ្លាក់​ទឹក​ចិត្ត ឬ​អ្នក​មាន​ជម្ងឺ​ធ្លាក់​ទឹកចិត្ត៖ ​ការ​ផ្ដល់​ប្រឹក្សាៈ អ្នក​ធ្លាក់​ទឹក​ចិត្ត ត្រូវការ​ការ​ពិគ្រោះផ្ដល់​យោបល់ លើ​បញ្ហា​ដែល​គេ​កំពុង​តែ​មាន​។ សមាជិត​គ្រួសារ ឪពុកម្ដាយ បងប្អូន ឬ​មិត្តភក្តិ គប្បី​ជួយ​ផ្ដល់ការ​គាំទ្រ​ចិត្ត​ដោយ​ផ្ដល់​គំនិត​យោបល់​ល្អៗ​ដល់​អ្នក​ជម្ងឺ។ ក្រៅ​ពី​ការ​ផ្ដល់​ប្រឹក្សា​ពីសំណាក់​គ្រួសារ រួម​នឹង​មិត្តភក្តិ អ្នក​ឯកទេស​ជំនាញ​ខាង​ផ្ដល់​ប្រឹក្សា​ក៏​អាច​ជួយ​លើក​ទឹក​ចិត្ត​អ្នក​ជំងឺ​ឲ្យប្រសើរ​ឡើង​វិញ ព្រម​ទាំង​ជួយ​ធ្វើ​ឲ្យ​គេ​ផ្លាស់​ប្ដូរ​គំនិត​និង​អាកប្បកិរិយា​អវិជ្ជមាន ហើយ​គិត​ចាប់​ធ្វើ​អ្វីៗ​ដែល​ល្អ​សារ​ជា​ថ្មី និង​ជា​សេចក្ដី​សង្ឃឹម​សម្រាប់​ជីវិត​របស់​គេ​ទៅ​ថ្ងៃ​មុខ។ -​ការ​ព្យាបាលៈ ជំងឺ​ធ្លាក់​ទឹក​ចិត្ត ជា​ជំងឺ​ដែលអាចព្យាបាលបាន។ ចំពោះ​ករណី​ធ្លាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ​គឺ​ត្រូវ​នាំ​អ្នកជម្ងឺ​ទៅ​ពិគ្រោះ និង​ទទួល​ការ​ពិនិត្យ​ព្យាបាល​ពី​សំណាក់​គ្រូ​ពេទ្យ។ ក្រៅ​ពី​ការ​ផ្ដល់​ប្រឹក្សា គ្រូ​ពេទ្យ​អ្នក​ព្យាបាល​អ្នក​ជម្ងឺ​ដោយ​ឱសថ​កែរោគ​ធ្លាក់​ទឹក​ចិត្ត។ -​គាំ​ទ្រ​ពី​សហគមន៍ និងគ្រួសារៈ ឪពុកម្ដាយ បងប្អូន មិត្តភក្ដិ និង​អ្នក​ស្រុក​ភូមិ គប្បី​យក​ចិត្ត​ទុក​ដាក់​ដល់​អ្នក​ជម្ងឺ​ទឹក​ចិត្ត ដោយ​ផ្ដល់​ការ​គាំ​ទ្រ​ដល់​ពួក​គេ​ឲ្យ​បាន​សមស្រប និង​ទាន់​ពេល​វេលា​ជៀស​វាង​ការ​ស្ដី​បន្ទោស ឬ​ដាក់​ទណ្ឌកម្ម​បន្ថែម​ដល់​អ្នក​មាន​បញ្ហា ដោយ​យើង​គិត​ថា​គេ​បាន​ប្រព្រឹត្ត​កំហុស ឬ​ការ​ខុសឆ្គង​អ្វី​មួយ ដែល​ជា​ភាព​អាម៉ាស់​សម្រាប់​គ្រួសារ​និង​សហគមន៍ ឬ​ជា​ការ​អាម៉ាស់​សម្រាប់​ខ្លួន​គេ​ផ្ទាល់។ ក្រុម​គ្រួសារ​គប្បី​ព្យាបាល​នឹង​ឃ្លាំមើល​អ្នក​ជំងឺ​ជា​ប្រចាំ ព្រោះ​អ្នក​ជម្ងឺ​អាច​គិត​ខុស ហើយ​អាច​ធ្វើ​ទុក្ខទោស​ចំពោះ​ខ្លួន​ឯង​បាន ( ធ្វើ​អត្តឃាត ) ក្នុង​រយៈ​ពេល​មួយ​ដ៏​ខ្លី។ ត្រូវ​យក​វត្ថុ ឬ​របស់​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ចេញ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជំងឺ​ដូច​ជា​ខ្សែ កាំបិត កន្ត្រៃ ឬ​កាំភ្លើង​ជា​ដើម ដើម្បី​បង្ការ​កុំ​ឲ្យ​គេ​សម្លាប់​ខ្លួន។ គប្បី​ស្ដាប់​ដោយយក​ចិត្ត​ទុក​ដាក់​នូវ​រឿង​រ៉ាវ​របស់​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​ដោយ​ឲ្យ​គេ​និយាយ​បាន​ហូរហែ​អំពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​គេ​ធ្លាក់​ទឹក​ចិត្ត។ លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ជម្ងឺបញ្ចេញ​អារម្មណ៍​សោក​សៅ​របស់​គេ​ដូច​ជា បើនៅ​ពេល​គេ​យំ ត្រូវ​ទុក​ឲ្យ​គេ​យំអោយ​អស់ចិត្ត។ ត្រូវ​ពោល​ពាក្យ​លួងលោម និង​លើក​ទឹក​ចិត្ត ធ្វើ​ឲ្យ​អ្នក​ជម្ងឺ​មាន​ការ​គោរព​ជឿជាក់​ចំពោះ​ខ្លួន​ឯង ដោយ​យល់​ថា ខ្លួន​ជា​មនុស្ស​មាន​តម្លៃ។ ដកស្រង់ចេញពីសៀវភៅ យុវជន​និង​ការ​ថែទាំ​សុខភាពផ្លូវ​ចិត្ត

257
0
Loading...
ទាញយក
Download
5000-years.org
Related Videos
Loading...
Copyright content: All the videos and another related content are hosted on Facebook.com. If you are a company that want to ask us to remove any video found on this site, please refer to original fan page or user page on Facebook.com, and use this form to complete a copyright claim (attach the video link: http://www.facebook.com/video.php?v=1502510879766982). Once the affected video is deleted on Facebook.com, it will disappear from our site because we are just linking the Facebook.com video content on the fly. We are not the owners of the fan pages or user pages that upload the content to Facebook.com, We can't delete videos on Facebook.com.
PhumiKhmer24